
កាលបរិច្ឆេទ: ១០ សីហា ២០២៦ / កសិកម្ម / Author : ATH Sokren
កាលពីពេលថ្មីៗនេះ គណៈប្រតិភូរួមគ្នាមួយក្រុមមកពីក្រុមហ៊ុនខនហ្វីរេល សហគ្រិនខ្មែរ និងសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានទៅទស្សនារោងចក្រក្រុមហ៊ុនខនហ្វីរេល មុននឹងបន្តដំណើរទស្សនកិច្ចរបស់ខ្លួននៅទីតាំងផលិតស្ករត្នោតក្នុងខេត្តកំពង់ស្ពឺ។ គំនិតផ្ដួចផ្ដើមនេះគឺជាផ្នែកមួយនៃកម្មវិធីពង្រឹងខ្សែចង្វាក់តម្លៃស្ករត្នោត បង្កើតដោយក្រុមហ៊ុនខនហ្វីរេលជាមួយសហគមន៍អ្នកផលិតស្ករត្នោតកំពង់ស្ពឺ ដែលរួមមានជាង១៣០គ្រួសារ។
ការវិភាគរួមគ្នាទៅលើឧបករណ៍ផលិតកម្ម
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបំណងសិក្សា និងវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃឧបករណ៍កែច្នៃ និងដំណើរការផលិតដែលប្រើប្រាស់ដោយអ្នកផលិតស្ករត្នោត។ គឺជាឱកាសមួយដើម្បីកំណត់ស្តង់ដាររួម និងរៀបចំផែនការសម្រាប់កែលម្អបច្ចេកវិទ្យា និងឧបករណ៍ផលិតសម្រាប់ដំណាក់កាលបន្ទាប់នៃកម្មវិធី។
ឆ្ពោះទៅរកវិស័យដែលមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់
មេរៀនដែលទទួលបានពីដំណើរទស្សនកិច្ចនេះអាចរួមចំណែកដល់ការកែលម្អប្រសិទ្ធភាពផលិតកម្ម គុណភាពផលិតផល និងសុវត្ថិភាពចំណីអាហារ ដើម្បីឈានទៅពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ស្ករត្នោតកម្ពុជានៅលើទីផ្សារជាតិ និងអន្តរជាតិ។ វិធីសាស្រ្តនេះគឺស្របនឹងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុមហ៊ុនខនហ្វីរេលក្នុងការលើកកម្ពស់វិស័យប្រពៃណីមួយនេះ ដែលត្រូវបានទទួលស្គាល់រួចហើយតាមរយៈវិញ្ញាបនបត្រសរីរាង្គអន្តរជាតិ។
ការប្តេជ្ញាចិត្តជាថ្មីម្តងទៀតចំពោះអ្នកផលិត
តាមរយៈគំនិតផ្តួចផ្តើមនេះដែរ ក្រុមហ៊ុនខនហ្វីរេលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ សមាគមវិជ្ជាជីវៈ និងកសិករ ដើម្បីពង្រឹងខ្សែចង្វាក់តម្លៃកសិកម្ម លើកកម្ពស់ការកែច្នៃប្រកបដោយចីរភាព និងបង្កើតឱកាសសេដ្ឋកិច្ចកាន់តែប្រសើរឡើងសម្រាប់អ្នកផលិតស្ករត្នោតកម្ពុជា។ ទាំងនេះបានឆ្លុះបញ្ចាំងតាមរយៈបាវចនានៃកិច្ចសហការនេះ៖ «រួមគ្នាដើម្បីអភិវឌ្ឍខ្សែចង្វាក់តម្លៃស្ករត្នោតកម្ពុជា ធ្វើឱ្យកាន់តែមានគុណភាព កាន់តែមាននិរន្តរភាព និងកាន់តែមានសមត្ថភាពប្រកួតប្រជែង»៕